វីដេអូឃ្លិបមួយខ្សែ ដែលបង្ហាញឲ្យឃើញក្មេងប្រុសអាយុទើបតែ៣ឆ្នាំម្នាក់ហែលច្រមុជទឹកសមុទ្រជម្រៅ ជិត១០ម៉ែត្រ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្មេងប្រុសដ៏អង់អាចក្លាហានខាងលើ មានឈ្មោះថា Fedor Afonasiev បានប្រឡូកខ្លួន ក្នុងការហែលមុជទឹក តាំងពីអាយុ២ឆ្នាំមកម្ល៉េះ ដោយដើរតាមគន្លងឪពុកម្ដាយ ដែលជាអ្នកចូលចិត្តការផ្សងព្រេង។
ក្នុងនោះដែរ Fedor បានមុជចូលទៅក្នុងអន្លង់ទឹកសមុទ្រ ដែលមានឈ្មោះថា Blue Hole នៃដៃសមុទ្រ Red Sea ដែលស្ថិតក្នុងទ្វីបអាហ្វ្រិក តែម្នាក់ឯងទៀតផង ដែលមើលទៅពិតជាអស្ចារ្យមែនទែន។
ជាមួយគ្នានេះដែរ Fedor ដែលមានឪពុកម្តាយ ជាអ្នកបង្ហាត់ឲ្យចេះមុជក្នុងទឹក ក៏បានជិះលើខ្នងឪពុកម្ដាយ ដើម្បីហែលមុជទឹកជាមួយគ្នាផងដែរ។
វីដេអូឃ្លិបដែលបង្ហាញពីសកម្មភាពហែលច្រមុជទឹកដ៏អស្ចារ្យ របស់ Fedor ត្រូវបានថតដោយ អ្នកជំនាញច្រមុជទឹករុស្ស៊ី វ័យ២៩ឆ្នាំ មានឈ្មោះថា Alexey Molchanov មកពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ក្នុងនាមជាអ្នកហែលច្រមុជទឹក ដែលមានបទពិសោធន៍ម្នាក់ លោក Alexey អាចអត់ដង្ហើម រហូតដល់ទៅ ៨នាទីកន្លះ។ អ្នកជំនាញរូបនេះ បានកាន់កំណត់ត្រាពិភពលោកមួយក្នុងដៃ ដោយអាចច្រមុជទឹកជម្រៅ ១២៩ម៉ែត្រ ដោយប្រើស្បែកជើងព្រុយត្រី៕
No comments:
Post a Comment