ពេលខ្លះពិតជាគួរឲ្យធុញណាស់មែនអត់ ពេលដែលរកខោអាវស្លៀកម្ដងៗមិនដឹងស្លៀកបែបណាឲ្យស្អាតប្លែក ជួនកាលស្លៀកទៅស្លៀកមកមានអារម្មណ៍ថាដដែលៗអត់ទាន់សម័យអីសោះ។ ពេលខ្លះគួរបើកមើលទស្សនាវដ្ដីសំលៀកបំពាក់ប្រចាំថ្ងៃ រឺមើលតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងៗដើម្បីមានគំនិតថ្មីៗក្នុងការស្លៀកពាក់ខ្លះ តែនៅទីនេះនឹងបង្ហាញប្រាប់អ្នកឲ្យបានដឹងពីទម្លាប់មួយចំនួនដែលអាចជួយកែប្រែការស្លៀកពាក់របស់អ្នកបាន អ៊ីចឹងចាំអីទៀតមើលតិចមើលមានទម្លាប់អីគេខ្លះ!
១ ត្រូវរៀបចំថាស្អែកគួរស្លៀកអ្វីទុកពីយប់
អ្នកប្រាកដជាចង់ភ្ញាក់ពីគេងដោយភាពស្រស់ស្រាយ តែបើអ្នកងូតទឹក ដុសធ្មេញ ហើយនៅត្រូវចំណាយពេលរើពេញទូរខោអាវមិនដឹងថាត្រូវស្លៀកពាក់អីទៀត វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ ឬ អាចយឺតពេលទៅក្រៅ រឺធ្វើការងារផងដែរ អ៊ីចឹងគួរតែរៀបចំពីយប់ឲ្យហើយ។
២ គួរយកគំរូតាមតារាម៉ូដណាដែលអ្នកពេញចិត្ត
អ្នកមិនចាំបាច់ឈឺក្បាលគិតច្រើនដើម្បីជ្រើសរើសស្តាយស្លៀកពាក់ទៀតនោះទេ អ្នកអាចជ្រើសរើសFollow Blog ឬ តារាម៉ូដណាដែលអ្នកគិតថាមានស្តាយស្លៀកពាក់ដែលអ្នកចង់បាន។ គ្រាន់តែចូលទៅកាន់រយៈInstargram ឬ Blog ទាំងនោះអ្នកអាចឆាប់បានទទួលនូវគំនិតថ្មីៗក្នុងការស្លៀកពាក់មិនចាំបាច់អង្គុយគិតស្រ្តេសរៀបចំស្តាយខ្លួនរបៀបណា។
៣.ទិញសំលៀកបំពាក់បែបសាមញ្ញមិនងាយហួសម៉ូដ
អ្នកគួរជ្រើសរើសយកម៉ូដសំលៀកបំពាក់ណាដែលសាមញ្ញមិនលេងម៉ូដពេក ដូចជាអាវបិទឡេវពណ៌លាត អាវយឺតគ្មានរូបរញ៉េរញ៉ៃ ខោពណ៌ខ្មៅ ដែលពួកវាមិនឆើតឆាយពេក ពេលយកមកស្លៀកនៅនឹងខ្លួនមើលទៅស្រទន់ភ្នែក។ ពេលខ្លះរើក្នុងទូខោអាវឃើញវាក៏យើងនៅតែអាចយកមកផ្គុំស្លៀកជាមួយខោអាវថ្មីផងដែរ ទោះបីជាទិញមកយូរហើយក្តីតែនៅតែស្លៀកបានអត់ហួសសម័យ។
៤.ត្រូវស្លៀកពាក់មានរបៀបគ្រប់ពេលវេលា
ទោះបីជាព្រឹកឡើងក្រោកមកអត់ត្រូវទៅក្រៅក្តី អ្នកគប្បីមានស្តាយស្លៀកពាក់ប្រចាំថ្ងៃវាអាចជាការស្លៀកខោកីឡា ពាក់អាវយឺតធម្មតា ឬជាសំលៀកបំពាក់ដែលអ្នកគិតថាសាមញ្ញបំផុតដាច់ខាតគួរតែស្លៀក។ម៉្យាងវាជាទម្លាប់មួយដ៏ល្អដែរ ក្រែងចៃដន្យអីស្រាប់តែមានភ្ញៀវមកលេងផ្ទះយើងមិនអាចស្លៀករ៉ូបគេងយប់ ឬ អាវចាស់បានទេ ណាមួយយើងមានស្តាយខ្លួនឯងក្នុងការស្លៀកពាក់ប្រចាំថ្ងៃ។
៥.លេខទំហំខោអាវមិនសំខាន់ឲ្យតែស្លៀកទៅសមស្រួលខ្លួន
ជាទូទៅអ្នកដែលមានរាងតូចក្តីធំក្តីតែងតែសួរលេខទំហំសំលៀកបំពាក់សិនមុនល ទាំងពេលខ្លះគ្រាន់តែឃើញលេខមិនត្រូវខ្លួនក៏អត់លតែម្តង តែតាមពិតពេលខ្លះនៅកន្លែងទិញ អាវនេះអ្នកពាក់ត្រូវលេខ៦ តែខោអាវនៅកន្លែងមួយទៀតបែរជាលេខ៨ តែតាមពិតវាគ្រាន់តែជាការកំណត់លេខមិនមានភាពច្បាស់លាស់ទាំងអស់ទេ។ សំខាន់គឺលសំលៀកបំពាក់ហ្នឹងមើលសិនថាសម ហើយស្លៀកទៅស្រួលគឺត្រូវតែយកមិនបាច់ខ្វល់លេខទំហំហ្នឹងទេ។
៦.គួរតែងាកមើលកន្លែងលក់ខោអាវថ្មីជានិច្ច
ពេលខ្លះអ្នកតម្រង់ទៅទិញខោអាវនៅតែកន្លែងណាដែលអ្នកធ្លាប់ទៅទិញគឺទៅតែកន្លែងហ្នឹង តែបើអ្នកជិះកាត់ឃើញមានកន្លែងលក់ខោអាវបញ្ចុះតម្លៃពិសេស គឺមិនត្រូវមើលរំលងទេព្រោះអីថាមិនត្រូវវាមានម៉ូដសំលៀកបំពាក់ដែលសមនឹងអ្នក។ ពេលខ្លះទៀតបែរជាទិញបានម៉ូដដែលស្អាតហើយមិនមានអ្នកណាដូចក៏ថាបាន ហើយវាជាឱកាសដែលចំណាយលុយអស់តិចផងដែរព្រោះកំពុងបញ្ចុះតម្លៃកុំគិតថាខ្មាសអៀនអី។
៧.ស្លៀកពាក់តាមចំណូលចិត្តខ្លួនឯងមិនបាច់ដេញតាមម៉ូដពេកទេ
ការស្លៀកពាក់ដេញតាមសម័យពេកពេលខ្លះធ្វើឲ្យអ្នកបាត់បង់ភាពជាខ្លួនឯង តាមពិតទៅរក្សាស្តាយស្លៀកពាក់ជារបស់ខ្លួនឯងទោះបីជាវាហួសសម័យក៏ដោយ តែសំខាន់គឺពេលដែលអ្នកស្លៀកវាទៅមានអារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនអ្នកពេលដើរចេញទៅក្រៅ។ ត្រូវតែមានទំនុកចិត្តលើការស្លៀកពាក់ស្តាយខ្លួនឯង ព្រោះមិនមែនសម្រាប់តែអ្នកដទៃមើលមកអ្នកទេតែខ្លួនអ្នកផ្ទាល់ត្រូវតែពេញចិត្តនឹងស្លៀកវាដែរ។
ប្រភព៖ Sabay
No comments:
Post a Comment