អំបិល ត្រូវបានគេប្រើ នៅក្នុងស្ថានភាពជាច្រើន មិនមែនត្រឹមតែសម្រាប់ទទួលទានប៉ុណ្ណោះទេ។ ជាក់ស្ដែង វាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់ដោះស្រាយបញ្ហាសក់។
កម្ចាត់ជាតិប្រេង
សក់សម្បូរជាតិប្រេង គឺជាលទ្ធផលនៃក្រពេញបញ្ចេញជាតិប្រេងលើស នៅលើស្បែកក្បាល។ ជាសំណាងល្អ អ្នកអាចដោះស្រាយបញ្ហាដ៏គួរឲ្យរំខាននេះ ដោយប្រើប្រាស់អំបិលបាន។
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមអំបិល ២ ឬ ៣ ស្លាបព្រាបាយ ចូលទៅក្នុងសាប៊ូកក់សក់ដែលអ្នកប្រើ រួចយកទៅកក់សក់ ជាការស្រេច។ អ្នកនឹងសម្គាល់ឃើញលទ្ធផល បើទោះបីជាអ្នកទើបតែអនុវត្ត ២-៣ដងដំបូងក៏ដោយ។ សក់របស់អ្នកនឹងមានសុខភាពល្អ ដោយមិនមានលើសជាតិប្រេងទៀតឡើយ។
កម្ចាត់ស្បែកក្បាលមានអង្គែ
អង្គែស្បែកក្បាល កើតឡើងចេញពីបំណែកតូចៗ នៃកោសិកាស្បែកងាប់ នៅលើស្បែកក្បាល។ អំបិល រំញោចចលនាឈាមរត់ ដែលមានសារៈសំខាន់ណាស់ សម្រាប់ជួយឲ្យស្បែកក្បាលមានសុខភាពល្អ និងកម្ចាត់បំណែកអង្គែ។ មិនតែប៉ុណ្ណោះ វាជួយការពារស្បែកក្បាល ពីការកើតរោគផ្សិត ទៀតផង។
អ្នកគ្រាន់តែរោយអំបិល ១ ឬ ២ ស្លាបព្រាបាយ ទៅលើស្បែកក្បាល រួចធ្វើការម៉ាស្សា ដោយប្រើម្រាមដៃសើម រយៈពេលប្រហែល ១០នាទី ហើយលាងសម្អាតចេញធម្មតា ជាការស្រេច។
ជួយបណ្ដុះសក់
មនុស្សមិនច្រើនទេ ដែលបានដឹងថា អំបិលសមុទ្រមានប្រយោជន៍សម្រាប់ការបណ្ដុះសក់។ ប្រសិនបើអ្នកមានជំងឺទំពែក ដូចជា ជ្រុះសក់ អ្នកអាចប្រើអំបិលសមុទ្រ ដើម្បីជំរុញការលូតលាស់នៃសក់តាមបែបធម្មជាតិ។
អ្នកគ្រាន់តែលាងសម្អាតសក់ធម្មតា រួចធ្វើការម៉ាស្សាស្បែកក្បាលសើម ជាមួយអំបិលសមុទ្រ រយៈពេល ១០ ទៅ ១៥នាទី ហើយលាងសម្អាតសក់របស់អ្នកចេញម្ដងទៀត ជាការស្រេច។ អនុវត្តវិធីសាស្ត្របែបធម្មជាតិនេះ ២ដង ក្នុង១សប្តាហ៍ អ្នកនឹងឃើញលទ្ធផលគួរឲ្យភ្ញាក់ផ្អើល៕
No comments:
Post a Comment