មនុស្សម្នាក់មានសុខភាពល្អឬក៏អត់ មិនអាចមើលពីខាងក្រៅដឹង១០០%ទេ។ គ្រូពេទ្យបានឱ្យដំបូន្មានថា ដើម្បីដឹងច្បាស់ថា អ្នកណាម្នាក់មានសុខភាពរឹងមាំ ត្រូវមើលលើចំណុចសំខាន់ទាំង៧យ៉ាងនេះ៖
១- ទម្ងន់នៅថេរ៖
សម្រាប់អ្នកដែលអាចគ្រប់គ្រងទម្ងន់ខ្លួនបានស្ថិតស្ថេរ មិនឡើងមិនចុះផ្ដេសផ្ដាស បានន័យថា សុខភាពរបស់អ្នកនោះមានភាពប្រក្រតី មិនមានបញ្ហាទៅលើសរីរាង្គណាមួយឡើយ។ កត្តាដែលអាចរក្សាទម្ងន់ខ្លួននៅថេរបាន ដោយសារតែការគ្រប់គ្រងរបបអាហារ និងមានលំហាត់ប្រាណបានត្រឹមត្រូវ។
២- ចង្វាក់បេះដូងលោតធម្មតា៖
មនុស្សម្នាក់ៗមានចង្វាក់បេះដូងខុសៗគ្នា។ ប៉ុន្តែជាធម្មតា បើចង្វាក់បេះដូងអ្នកលោតចន្លោះពី ៦០ទៅ៨០ក្នុងមួយនាទី វាបង្ហាញថា អ្នកមានសុខភាពល្អ។ ចំណែកអ្នកដែលមានចង្វាក់បេះដូងលោតលើសពីចន្លោះនេះ អាចមានឱកាសកើតជំងឺបេះដូងច្រើន។
៣- បបូរមាត់មិនប្រេះ ឬឡើងស្ងួត៖
កាលណាបបូរមាត់ទៅជាប្រេះស្ងួត វាបង្ហាញថា រាងកាយអ្នកកំពុងខ្វះជាតិទឹក។ អាការៈនេះបណ្ដាលមកពីកង្វះវីតាមីន B និងជាតិស័ង្កសីក្នុងខ្លួន។ អ្នកមានសុខភាពល្អ បបូរមាត់នឹងមើលទៅភ្លឺរលោង និងមានសំណើមដោយសារតែកម្រិតជាតិទឹកដែលរាងកាយត្រូវការគឺមានគ្រប់គ្រាន់។
៤- បត់ជើងធម្មតា មិនមានអាការៈរាក ឬទល់លាមក៖
បើអ្នកបត់ជើងរាល់ថ្ងៃធម្មតា មិនរាក ឬទល់លាមកទេនោះ បានន័យថា ប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការល្អនៅឡើយ មិនមានបញ្ហាអ្វីទេ។
៥- ទឹកនោមពណ៌លឿងខ្ចី៖
បើពេលបត់ជើងតូចរួច ទឹកនោមរបស់អ្នកមានពណ៌លឿងខ្ចី វាបង្ហាញថា អ្នកមានសុខភាពល្អ ហើយរាងកាយក៏មិនមានបញ្ហាខ្វះជាតិទឹកដែរ។ ប៉ុន្តែបើវាឡើងពណ៌លឿងចាស់វិញ អ្នកគួរញ៉ាំទឹកឱ្យបានច្រើនជាងនេះ។
៦- ស្បែកភ្លឺថ្លា៖
កត្តាមួយចំនួនដូចជា អរម៉ូន ការតមអាហារ និងស្ត្រេសអាចធ្វើឱ្យស្បែកទៅជាស្រអាប់ ជ្រីវជ្រួញ។ ហេតុនេះហើយទើបអ្នកដែលមានអារម្មណ៍ស្រស់ស្រាយ និងចេះគ្រប់គ្រងរបបអាហារបានល្អ តែងមានស្បែកភ្លឺថ្លា ទោះជាសម្បុរខ្មៅក៏មិនមើលទៅស្រអាប់ដែរ។
៧- ពេលមានរបួស ឆាប់ជាសះ៖
ជាទូទៅ របួសតូចៗត្រូវការពេលពី១ទៅ២ថ្ងៃដើម្បីជាសះ ដូច្នេះបើគ្រាន់តែមុត ឬរលាត់ស្បែកតិចតួច តែអ្នកត្រូវការពេលយូរទម្រាំជា បានន័យថា រាងកាយអ្នកអាចមានមេរោគពីខាងក្នុង៕
ចុចអាន៖
No comments:
Post a Comment