ការគេងលក់បានគ្រប់គ្រាន់ប្រមាណ៧ម៉ោងក្នុងមួយថ្ងៃ ត្រូវបានចាត់ទុកថាជារឿងសំខាន់មួយ ព្រោះវាងអាចជះឥទ្ធិពលទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក។ បើអ្នកគេងលក់បានតិច នៅព្រឹកថ្ងៃបន្ទាប់អ្នកប្រាកដជាមានអាការៈងោកងុយល្ហិតល្ហៃ មិនស្រស់ថ្លា ហើយអារម្មណ៍ក៏មិនល្អទៅតាមនោះដែរ។ យ៉ាងណាក៏ដោយ ក្រៅពីការគេងនៅពេលយប់ ប្រិយមិត្តនារីមានដឹងឬទេថា ការគេងថ្ងៃត្រង់មួយភ្លែតៗក៏មានប្រយោជន៍មិនគួរមើលរំលងដែរ។
១. បន្ថែមសមត្ថភាពផ្នែករាងកាយ
ធ្លាប់មានពេលណាមួយដែលមានអារម្មណ៍ថានឿយហត់ខ្លាំងដោយសារការធ្វើការពេញមួយថ្ងៃដែរឬទេ? បើសិនដឹងខ្លួនថាកំពុងធ្លាក់ក្នុងស្ថានភាពបែបនេះហើយ អ្នកគួររកពេលខ្លះដើម្បីសម្រាកបន្តិចនៅពេលថ្ងៃត្រង់ នោះវានឹងអាចជួយឲ្យអ្នកមានកម្លាំង និងកាន់តែស្វាហាប់។ ក្រៅពីនេះមានការសិក្សាជាច្រើនរកឃើញថាការគេងថ្ងៃមួយភ្លែតៗនេះអាចបង្កើនសមត្ថភាពរាងកាយមួយចំណែកសម្រាប់អ្នកកីឡា។
២. បំបាត់ស្ត្រេស
ប្រិយមិត្តដឹងទេថាការគេងលក់មិនគ្រប់គ្រាន់មិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់រាងកាយយើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ផ្លូវអារម្មណ៍របស់យើងដែរ ដោយវានឹងធ្វើឲ្យយើងមានអារម្មណ៍ឆាប់ខឹង និងស្ត្រេស។ ក្រៅពីនេះការសិក្សាមួយបានបង្ហាញតាមរយៈសៀវភៅ The Journal of Clinical Endocrinology & Metabolism ថាការគេងលក់មួយភ្លែតៗនៅពេលថ្ងៃអាចជួយកាត់បន្ថយអ័រម៉ូនដែលរាងកាយយើងបញ្ចេញមកពេលយើងមានអារម្មណ៍ស្ត្រេស។ ដូច្នេះបើចង់មានអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃ អ្នកគួររកពេលវេលាសម្រាកពេលថ្ងៃឲ្យបានប្រមាណ ៣០នាទី។
៣. បង្កើនសមត្ថភាពក្នុងការរៀនសូត្រ
ការសិក្សាក្នុងសៀវភៅ The Journal of Sports Sciences បានបង្ហាញថាការគេងថ្ងៃអាចជួយឲ្យអ្នកមានប្រសិទ្ធភាពក្នុងការធ្វើការងារផ្សេងៗ និងមានសុខភាពផ្លូវចិត្តកាន់តែល្អ។ ក្រៅពីនេះវានឹងជួយបង្កើនសមត្ថភាពរបស់យើងក្នុងការសិក្សា និងធ្វើឲ្យយើងអាចចងចាំរឿងផ្សេងៗបានកាន់តែល្អ។
៤. កាត់បន្ថយអារម្មណ៍ឃ្លាន
អារម្មណ៍ហត់នឿយល្ហិតល្ហៃអាចនាំឲ្យយើងកើតអារម្មណ៍ឃ្លាន ជាពិសេសការចង់ញ៉ាំរបស់ផ្អែមៗដូចជាបង្អែម ភេសជ្ជៈប៉ូវកម្លាំង ឬកាហ្វេ ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងកើនឡើងរហ័ស។ យ៉ាងណាក៏ដោយនៅពេលមានអារម្មណ៍អស់កម្លាំង អ្នកអាចសាកល្បងគេងប្រមាណ៣០នាទី ឬក៏សាកចេញដើរយកខ្យល់អាកាសខាងក្រៅផ្ទះមួយសន្ទុះ នោះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ និងកាត់បន្ថយអារម្មណ៍ឃ្លានបានខ្លះ។
៥. កាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង
ការគេងលក់មិនគ្រប់គ្រាន់ ក្រៅពីធ្វើឲ្យយើងស្ត្រេស ឬហត់នឿយហើយ វាក៏អាចធ្វើឲ្យយើងមានអាយុខ្លីដែរ។ តែមិនបាច់បារម្ភទេ ព្រោះការសិក្សាពីសាកលវិទ្យាល័យ Athens Medical School និង Harvard School of Public Health បានរកឃើញថា អ្នកដែលគេងលក់ពេលថ្ងៃមួយភ្លែតៗជាប្រចាំមានអត្រានៃការស្លាប់ដោយសារជំងឺបេះដូងតិចជាងអ្នកដែលមិនបានគេង។ ផ្អែកតាមការសិក្សានេះដែរ ពេលវេលាគេងថ្ងៃដែលសមរម្យនោះគឺគេងយ៉ាងតិច ៣ដងក្នុងមួយសប្ដាហ៍ ហើយមួយដងប្រមាណ ៣០នាទី ៕
No comments:
Post a Comment