ស្កុតឡែន នឹងក្លាយជាប្រទេសទី១ នៅចក្រភពអង់គ្លេស ដែលហាមឃាត់ឪពុកម្ដាយមិនឲ្យវាយកូន នៅពេលកូនប្រព្រឹត្តខុស ព្រោះគិតថាការដាក់ទណ្ឌកម្មបែបនេះអាចមានឥទ្ធិពលអាក្រក់ទៅលើកូន។
សេចក្ដីព្រាងច្បាប់ថ្មី ដែលរំពឹងនឹងចូលជាធរមាននៅពេលខាងមុខ បានចែងពីការលុបបំបាត់ការការពារទៅលើឪពុកម្ដាយដែលវាយកូនក្នុងបំណងអប់រំណាមួយ។ សេចក្ដីព្រាងច្បាប់នេះ ស្នើដោយលោក John Finnie មកពីគណបក្ស Scottish Green Party។
នៅក្នុងសេចក្ដីថ្លែងការណ៍ រដ្ឋាភិបាលស្កុតឡែនបាននិយាយថា៖ "ការស្នើរបស់លោក Finnie មិនមែនជាសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាលស្កុតឡែនទេ តែទោះយ៉ាងណាយើងនឹងធ្វើឲ្យវាក្លាយជាច្បាប់"។ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ការអប់រំកូនដោយវាយ អាចមានផលអវិជ្ជមាន ទោះស្លាកស្នាម និងការឈឺចាប់បានរលត់ទៅហើយក្ដី។
បើតាមលោក Finnie បានឲ្យដឹងថា បច្ចុប្បន្ននេះ ការវាយកូន បានក្លាយជារឿងខុសច្បាប់នៅប្រទេសចំនួន៥២ ហើយភាគច្រើនជាប្រទេសដែលស្ថិតក្នុងទ្វីបអឺរ៉ុប។ លោកបានបន្ថែមថា ការចែងច្បាប់បែបនេះ នៅប្រទេសស្កុតឡែន នឹងអាចធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើង រវាងកូន និងឪពុកម្ដាយ ព្រមទាំងអ្នកដែលមើលថែពួកគេ៕
No comments:
Post a Comment