រមណីយដ្ឋាន «ទឹកធ្លាក់ឆាយប្រុយ» ដែលមានកម្ពស់ ៦០ម៉ែត្រ ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមនុស្សគ្រប់គ្នាមិនសូវស្គាល់ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទឹកធ្លាក់នេះត្រូវបានគេចាត់ទុកជាកំណប់ពិសេស ព្រោះជាតំបន់ទេសចរណ៍ធម្មជាតិ ដែលភ្ញៀវអាចហែលទឹកក៏បាន ស្ទូចត្រី លេងកម្សាន្តសប្បាយ និងមានខ្យល់អាកាសល្អ អមដោយព្រៃឈើជាច្រើនផងដែរ។
លោក នួន លីម មន្ត្រីកិច្ចសន្យារបស់មន្ទីរទេសចរណ៍នៅខេត្តពោធិ៍សាត់ បានប្រាប់ក្រុមការងារ Sabay ថា ទឹកធ្លាក់ឆាយប្រុយនេះ ស្ថិតនៅចម្ងាយប្រមាណជា ១៧០ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដោយមកដល់ស្រុកវាលវែង បត់ចូលមកសហគមន៍អូរសោមចម្ងាយ ៦០ គីឡូម៉ែត្រ នឹងមកដល់រមណីយដ្ឋានធម្មជាតិនេះហើយ។ ប្រសិនបើប្រិយមិត្តធ្វើដំណើរពីខេត្តកោះកុង មកកាន់អូរសោម គឺមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ នឹងឃើញ «ទឹកធ្លាក់ឆាយប្រុយ» នៅក្បែរផ្លូវ ហើយមានដាក់ស្លាកសញ្ញាតែម្ដង។
លោក លីម អ្នកសម្របសម្រួល និង រៀបចំទេសចរណ៍ប្រចាំស្រុកវាលវែង បានចាត់ទុក រមណីយដ្ឋាន «ទឹកធ្លាក់ឆាយប្រុយ» គឺជាសម្បត្តិធម្មជាតិមួយរបស់សហគមន៍អូរសោម ព្រោះទឹកធ្លាក់នេះ នៅមានសម្រស់ធម្មជាតិច្រើន ទឹកស្អាត ហើយភ្ញៀវអាចមកហែលទឹកផង និង ស្ទូចត្រីកម្សាន្ត លេងយ៉ាងសប្បាយរីករាយ។ ដូច្នេះហើយអ្នកធ្វើដំណើរចន្លោះខេត្តកោះកុង មកខេត្តពោធិ៍សាត់ តាមផ្លូវអូរសោមនេះ រមែងសំចតផ្ដិតរូបភាពនៅទីនេះ។
ទោះយ៉ាងណាក៏ដោយ លោក លីម បាននិយាយថា ដោយសារតែស្ថានភាពផ្លូវមានការលំបាកទើបមិនសូវមានភ្ញៀវមកលេងច្រើននោះទេ ប៉ុន្តែ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ភ្ញៀវហាក់ចាប់អារម្មណ៍តំបន់អូរសោម ដោយគិតត្រឹមអំឡុងភ្ជុំបិណ្ឌកន្លងទៅ មានភ្ញៀវប្រហែល ៣០០ នាក់ ឆ្លងកាត់ និងបានចូលកម្សាន្តទឹកធ្លាក់ឆាយប្រុយ។
ទាក់ទងនឹងបញ្ហានេះ លោកអំពាវនាវឲ្យភ្ញៀវទេសចរមកកម្សាន្តនៅទឹកធ្លាក់ឆាយប្រុយ ក៏ដូចជា សហគមន៍អូរសោម ព្រោះនៅទីនេះ មានសម្បត្តិធម្មជាតិជាច្រើនទៀត ដែលគ្រប់គ្នាមិនសូវដឹង ដែលស្ថិតនៅតំបន់អភិរក្សព្រៃឈើ ដូច្នេះ ទីនេះសម្បូរដើមឈើតូច-ធំ ជាទីកម្សាន្តបែបធម្មជាតិ ហើយការមកលេងរបស់បង ប្អូន គឺជាផ្នែកមួយសំខាន់ចូលរួមជួយជីវភាពសហគមន៍អូរសោម ដែលមានប្រជាជនប្រហែល ២ ០០០ នាក់ កំពុងរស់នៅសព្វថ្ងៃ៕
សូមទស្សនាវីដេអូ
No comments:
Post a Comment