loading...

Tuesday, October 31, 2017

១៣​រឿង​​​ស្រីៗ​ត្រូវ​ដឹង​​​​ពី​បុរស​ដែល​ខ្លួន​ស្រឡាញ់​មុន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គេ​

ការ​រៀបការ​គឺ​​ជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត ដូច្នេះ​ហើយ​ស្គាល់​គូស្នេហ៍​របស់​អ្នក​ច្បាស់​អាច​ឲ្យ​អ្នក​ទទួល​បាន​​សុភមង្គល​ និង​រស់នៅ​​ដោយ​មិន​សូវ​មាន​ទុក្ខ​កង្វល់​​ក្រោយ​រៀបការ​រួច​។ យ៉ាងណាមិញ​ ក្រៅ​ពី​អត្តចរិត​របស់​គាត់ នៅ​មាន​ចំណុច​សំខាន់ មួយ​ចំនួន​ ដែល​មនុស្ស​ស្រី​មិន​ត្រូវ​មើល​រំលង មុន​នឹង​សម្រេច​ចិត្ត​ចង​ចំណង​ស្នេហ៍​មួយ​នេះ​ជា​ផ្លូវ​ការ​។ ចំណុច​ទាំង​នោះ​មាន​ដូច​ជា​​៖​
១. ដឹង​​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​​គាត់​ច្បាស់​
អ្នក​មិន​អាច​រៀបការ​ទាំង​មិន​ដឹង​ថា​ ចំណូល​ប្រចាំ​ខែ​របស់​គាត់​ប៉ុណ្ណា ហើយ​តើ​​គាត់​អាច​មាន​សមត្ថភាព​​ចិញ្ចឹម​គ្រួសារ​ថ្មី​មួយ​បាន​ឬ​អត់​។ ប្រសិន​បើ​រៀបការ​ហើយ​អ្នក​ទើប​ដឹង​ថា​គាត់​មាន​បំណុល​ជាប់​ខ្លួន​រាប់​ម៉ឺន​ដុល្លារ វា​ពិត​ជា​រឿង​ដែល​តក់​ស្លុត នឹង​ពិបាក​ទទួល​យក​ណាស់។ ដូច្នេះ អ្នក​ទាំង​ពីរ​គួរ​ស្មោះ​ត្រង់​ចំពោះ​បញ្ហា​នេះ​។​
២. គំនិត​ក្នុង​ការ​យក​កូន​
ត្រូវ​ប្រាកដ​ថា​អ្នក​ធ្លាប់​បាន​ពិភាក្សា​គ្នា​ជា​មួយ​គាត់​ រឿង​​បញ្ហា​​យក​​កូន​ក្រោយ​ពេល​រៀបការ​។ ប្រសិន​បើ​ក្តី​ស្រមៃ​គាត់​ចង់​បាន​កូន​១០​នាក់ ឫ​កូន​ប្រុស​សុទ្ធ ហើយ​​ផ្ទុយ​ស្រឡះ​​ពី​អ្វី​ដែល​អ្នក​ចង់​បាន អ្នក​ទាំង​ពីរ​ចាំបាច់​ត្រូវ​សម្រប​សម្រួល​គ្នា​ ​ដើម្បី​ទទួល​បាន​ការ​សម្រេច​ជា​រួម​មួយ​។​
៣. ដឹង​​ពី​ប្រវត្តិ​​ជំងឺ​របស់​គាត់​
វា​សំខាន់​ខ្លាំង​ណាស់​។ អ្នក​ត្រូវ​ដឹង​អំពី​ប្រវត្តិ​​ជំងឺ​របស់​គាត់ និង​គ្រួសារ​គាត់។ វា​មិន​មែន​ជា​រឿង​អាក្រក់ ដែល​​អ្នក​​ត្រូវ​ខ្លាច​គាត់​អន់​ចិត្ត​ទេ ប៉ុន្តែ​​អ្នក​​ក៏​មាន​សិទ្ធិ​ត្រូវ​ដឹង​ថា​​តើ​អនាគត​​ប្តី និង​កូន​របស់​អ្នក​អាច​ប្រឈម​ជាមួយ​ជំងឺ​តំណ​ពូជ​អ្វី​ខ្លះ​។​
៤. តើ​គាត់​ញៀន​ជាមួយ​រឿង​​​អាសអាភាស​ឬ​​អត់​
​ការ​ញៀន​ជាមួយ​រឿង​ទាំង​អស់​នេះ​ខ្លាំង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​​ ជីវិត​ក្រោយ​រៀបការ​របស់​អ្នក​​។ ដូច្នេះ​អ្នក​ទាំង​ពី​ត្រូវ​​ស្មោះ​ត្រង់​​ និង​ស្វែង​​រក​វិធី​ដោះស្រាយ​​​​​កែប្រែ​ទម្លាប់​ប្រសិន​បើ​គាត់​សារភាព​​​​ប្រាប់​អ្នក​នូវ​រឿង​ពិត​។​
៥. ដឹង​ពី​​វិន័យ​គ្រួសារ​​ដែល​គាត់​​​ធ្លាប់​ឆ្លង​កាត់​​​កាល​ពី​កុមារភាព​
ធម្មតា​ទេ​ គាត់​នឹង​ប្រើ​របៀប​ដែល​​គាត់​ធ្លាប់​ជួប ជា​មួយ​គ្រួសារ​របស់​គាត់​មក​ប្រើ​នៅ​ពេល​​គាត់​បង្កើត​គ្រួសារ​ថ្មី​ជាមួយ​អ្នក​។ ដូច្នេះ​បើ​អ្នក​មិន​ពេញ​ចិត្ត​ចំពោះ​ចំណុច​ណា​មួយ​អ្នក​គួរ​តែ​ប្រាប់​គាត់ និង​កំណត់​ព្រំដែន​​សម្រាប់​គាត់​តាម​អ្វី​ដែល​អ្នក​គិត​ថា​អាច​ទទួល​យក​បាន​។​
៦. ដឹង​​អ្វី​ដែល​គាត់​រំពឹង​ចង់​បាន​ពី​អ្នក​
អ្នក​មិន​អាច​មើល​ចិត្ត​គាត់​ធ្លុះ​គ្រប់​រឿង​នោះ​ទេ ដូច្នេះ​គួរ​សួរ​គាត់​ផ្ទាល់​ពី​ការ​រំពឹង​សំខាន់ៗ​ដែល​គាត់​ចង់​បាន​​ពី​អ្នក​ក្រោយ​រៀបការ​ហើយ​។ អ្នក​នឹង​មាន​ឧកាស​សម្រាប់​ត្រៀម​ខ្លួន​ជា​មុន​។​
៧. ដឹង​ពី​​របៀប​ក្នុង​ការ​ស្រឡាញ់​​របស់​គាត់​
តើ​គាត់​ត្រូវ​ការ​ភាព​ស្និទ្ធស្នាល​ខ្លាំង ឫ​ក៏​ពេល​វេលា​សំខាន់​​ទេ​ សម្រាប់​គាត់​ក្នុង​រឿង​ស្នេហា? តើ​អ្នក​ទាំង​ពីរ​ត្រូវ​ការ​អ្វី​ខ្លះ​ពី​គ្នា​ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រឡាញ់​? ចម្លើយ​របស់​វា​ សំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​ក្រោយ​រៀបការ​រួច​។​
៨. តើ​គាត់​ធ្លាប់​ប្រើ​អំពើ​ហិង្សា ឬ​ធ្លាប់​ជា​ជន​រងគ្រោះ​ពី​មុន​មក​​ទេ​
បើ​មិន​ដែល​សួរ​ អ្នក​គួរ​តែ​ប្រញាប់​សួរ​ភ្លាម​ទៅ។ ដឹង​ពី​រឿង​អតីតកាល​របស់​គាត់ ​ជួយ​អ្នក​ឲ្យ​ស្វែង​យល់​ពី​គាត់​កាន់​តែ​ច្បាស់ នៅ​​ពេល​ដែល​មាន​បញ្ហា​នេះ​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។
៩. ដឹង​អំពី​ទស្សនៈ​ក្នុង​រឿង​នយោបាយ​របស់​គាត់​
​នយោបាយ​​​គឺ​​ជា​រឿង​ដ៏​រសើប នៅ​ក្នុង​​ពិភពលោក​​ពេល​បច្ចុប្បន្ន​។ ចង់​ឬ​មិន​ចង់​អ្នក​ត្រូវ​ដឹង​ថា​គាត់​ កំពុង​ឈរ​ក្នុង​ក្រុម​ណា​មួយ​ក្នុង​រឿង​នេះ​។ ប្រសិន​បើ​អ្នក​ទាំង​ពី​​ស្ថិត​នៅ​បក្ស​ពីរ​ដែល​ប្រឆាំង​ទស្សនៈ​គ្នា​ដាច់​ខាត ការ​ខ្វែង​​គំនិត​គ្នា​ប្រាកដ​ជា​កើត​ឡើង​នៅ​ពេល​​ណា​មួយ​ជាក់​ជា​មិន​ខាន​។​
១០. ដឹង​ពី​អ្វី​ដែល​គាត់​​​ផ្ដល់​​តម្លៃ​​​ខ្ពស់​
តើ​គាត់​តែងតែ​ខ្វល់​ពី​រឿង​​​​អ្វី​ខ្លះ​? ភាព​ស្មោះ​ត្រង់ ការ​រស់​នៅ​ស្អាត ​ពេល​វេលា​​​ផ្ទាល់​ខ្លួន ការ​ថែ​រក្សា​សុខភាព​ តើ​វា​សំខាន់​សម្រាប់​គាត់​ខ្លាំង​ប៉ុណ្ណា? អ្វី​ដែល​​គាត់​​យល់​ថា​សំខាន់ និង​អ្វី​ដែល​​គាត់​មិន​​សូវ​យក​ចិត្ត​ទុកដាក់ ​អ្នក​ត្រូវ​​តែ​ដឹង​ ដើម្បី​ប្រាកដ​ថា​ការ​ផ្តល់​តម្លៃ​របស់​អ្នក​ទាំង​ពីរ​មិន​មាន​ភាព​ប្រទាញប្រទង់​គ្នា​ខ្លាំង​ទេ​។
១១. ដឹង​ពី​របៀប​ក្នុង​ការ​ប្រារព្ធ​កម្មវិធី សម្រាប់​ថ្ងៃ​​ពិសេសៗ​របស់​គាត់​
ម្នាក់​ចូលចិត្ត​ពញ្ញាក់​អារម្មណ៍​ក្នុង​ថ្ងៃ​ខួប​កំណើត រៀប​ចំ​ពិធី​ជប់​លៀង​​ធំដុំ ហើយ​ម្នាក់​ទៀត​គ្រាន់​តែ​ចង់​​ញ៉ាំ​អាហារ​ពេល​​ល្ងាច​ជាមួយ​មនុស្ស​ស្និទ្ធ​ប៉ុន្មាន​នាក់​។ វា​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​នៅ​ពេល​ក្រោយ​រៀបការ​​មិន​ខាន​។​
១២. ភាព​ស្និទ្ធស្នាល​​របស់​គាត់​​ជាមួយ​គ្រួសារ​​
ប្រសិន​បើ​អនាគត​ប្តី​របស់​​អ្នក​ឧស្សាហ៍​ទៅ​លេង​​​ផ្ទះ​ម៉ាក់​ប៉ា​របស់​គាត់​ជាង​គ្រួសារ​​អ្នក​ អ្នក​ត្រូវ​ដឹង​ថា​ហេតុ​អ្វី​ទើប​បែប​នេះ​។ ​ដឹង​ពី​កម្រិត​នៃ​​ភាព​ស្និទ្ធស្នាល​របស់​គាត់​អាច​ឲ្យ​អ្នក​​ត្រៀម​ខ្លួន​ទទួល​យក និង​បង្ការ​ជម្លោះ​ទៅ​ថ្ងៃ​មុខ​។​
១៣. ដឹង​ពី​មូលហេតុ​ដែល​គាត់​ចង់​រៀបការ​ជាមួយ​អ្នក​
ឆ្ងល់​ទេ​ ហេតុ​អ្វី​គាត់​​សម្រេច​ចិត្ត​ជ្រើសរើស​អ្នក​ជា​គូ​អនាគត​របស់​គាត់​។ ប្រសិន​បើ​ចម្លើយ​របស់​គាត់​ ស្ដាប់​ទៅ​មិន​ដូច​អ្វី​ដែល​អ្នក​គិត ឫ​មិន​សម​ហេតុផល អ្នក​គួរ​តែ​​​ផ្អាក​គម្រោង​មួយ​រយៈ​សិន ហើយ​ព្យាយាម​សួរ​គាត់​ដើម្បី​រក​អំណះអំណាង​ដែល​អាច​ទទួល​យក​បាន​។​
ចំណុច​ដែល​ចាំបាច់​ទាំង​១៣ខាង​លើ​ អ្នក​​ត្រូវ​តែ​សួរ​អនាគត​ប្តី​របស់​អ្នក​កុំ​ខាន ព្រោះ​ថា​វា​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​អាច​ឲ្យ​​ការ​ចាប់​ផ្តើម​​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ឈាន​ទៅ​រក​ភាព​ជោគជ័យ​មួយ​ចំណែក​ធំ ៕​

No comments:

Post a Comment