មានបញ្ហាជាច្រើន កើតឡើងចំពោះស្ត្រីកំពុងពពោះ និងក្រោយសម្រាល។ ប៉ុន្តែ បញ្ហាទូទៅមួយពេលមានផ្ទៃពោះ និងពេលសម្រាលកូន គឺជំងឺស្លេកស្លាំង។ មូលហេតុចម្បងនៃជំងឺនេះ បណ្ដាលមកពីកង្វះជាតិដែក ដែលស្ត្រីមានផ្ទៃពោះប្រមាណជា ២០% ទៅ ៨០% ទូទាំងពិភពលោក កំពុងប្រឈម។
ម៉េចបានស្ត្រីខ្វះជាតិដែក ពេលមានផ្ទៃពោះចឹង?
អេម៉ូក្លូប៊ីន ជាប្រូតេអ៊ីនក្នុងកោសិកាឈាមក្រហមដែលបង្កើតឡើងដោយជាតិដែក។ វាមានតួនាទីដឹកនាំអុកស៊ីហ្សែនទៅជាលិកានៅក្នុងខ្លួនយើង។ ពេលមានផ្ទៃពោះ រាងកាយត្រូវការជាតិដែកច្រើនដើម្បីផលិតឈាមបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់អុកស៊ីហ្សែនដល់កូនក្នុងផ្ទៃ។ បើអ្នកគ្មាន ឬទទួលបានជាតិដែកគ្រប់គ្រាន់ទេនោះ រាងកាយក៏ប្រហែលជាមិនអាចផលិតឈាមបានដែរ។ នោះហើយដែលធ្វើឲ្យអ្នកមានជំងឺស្លេកស្លាំង។
ជំងឺស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ កាន់តែធ្ងន់ធ្ងរឡើង ដោយសារលក្ខខណ្ឌផ្សេងៗ ដូចជា ការហូរឈាមពីស្បូន ឬសុក ក្រពះពោះវៀន និងការបាត់បង់ឈាមក្នុងពេលសម្រាលកូន។ កង្វះជាតិដែក អាចធ្វើឲ្យទារកកើតមិនគ្រប់ទម្ងន់ ទារកធំធាត់យឺតយ៉ាវក្នុងផ្ទៃម្ដាយ កើតមិនគ្រប់ខែ ហើយធ្ងន់ធ្ងរ ម្ដាយអាចស្លាប់ទៀតផង។
រោគសញ្ញាកង្វះជាតិដែក ពេលមានផ្ទៃពោះ៖
- ខ្សោយ ឬអស់កម្លាំង
- វិលមុខ
- ដកដង្ហើមញាប់ៗ
- ចង្វាក់បេះដូងលោតញាប់ ឬមិនទៀងទាត់
- ឈឺទ្រូង
- ស្បែក បបូរមាត់ និងក្រចក ស្លេកស្លាំង
- ត្រជាក់ចុងដៃ ចុងជើង
- ពិបាកផ្ចង់ស្មារតី។
វិធីការពារ
ញ៉ាំវីតាមីនជាតិដែក ឬអាហារផ្ទុកជាតិដែកដែលមានតុល្យភាព អាចទប់ស្កាត់អ្នកពីបញ្ហាខ្វះជាតិដែក។ គួរជៀសវាងញ៉ាំអាហារសម្បូរជាតិកាល់ស្យូម ដូចជា ផលិតផលទឹកដោះគោ ស៊ុតលឿង កាហ្វេ និងតែ ពេលដែលអ្នកលេបថ្នាំជាតិដែក ព្រោះវាអាចរារាំងមិនឱ្យរាងកាយស្រូបយកជាតិដែកបានល្អ។
ជម្រើសព្យាបាលសំខាន់សម្រាប់ជំងឺស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ គឺថ្នាំគ្រាប់ជាតិដែក និងការផ្ដល់ថ្នាំជាតិដែកតាមសរសៃឈាម។ យ៉ាងណាក៏ដោយ អ្នកត្រូវជួបពេទ្យ បើសង្ស័យថាមានជំងឺស្លេកស្លាំង។ កុំព្យាយាមព្យាបាលដោយខ្លួនឯងឲ្យសោះ ព្រោះការប្រើថ្នាំគ្រាប់ជាតិដែកច្រើនពេក អាចបង្កគ្រោះថ្នាក់បានដែរ។ ពិគ្រោះយោបល់ជាមួយពេទ្យ ដើម្បីដឹងពីកម្រិតជាតិដែកត្រឹមត្រូវ។
No comments:
Post a Comment