នៅថ្ងៃទី ៨ ខែ កុម្ភៈ ខាងមុខនេះ កូរ៉េខាងជើងមានផែនការបង្ហាញមីស៊ីលរយៈចម្ងាយឆ្ងាយរាប់សិបគ្រឿងនៅមុនថ្ងៃកីឡាអូឡាំពិករដូវរងា Winter Olympics ។ នេះបើយោងតាមប្រភពការទូត ដែលបានបង្ហាញពីគោលបំណងរបស់កូរ៉េខាងជើង ប្រាប់ទៅកាន់សារព័ត៌មាន CNN កាលពីថ្ងៃពុធ។
ប្រភពមួយបាននិយាយថា ការបង្ហាញមីស៊ីល និងរ៉ុកកែត "រាប់រយគ្រាប់" ជាការប៉ុនប៉ងមួយ ដើម្បីបំភ័យជនជាតិអាមេរិក។ ការដង្ហែក្បួនមីស៊ីលនេះត្រូវបានគេរំពឹងថានឹងមាន មីស៊ីលអន្តរទ្វីបរយៈចម្ងាយឆ្ងាយ Hwasong-15 ដែលកូរ៉េខាងជើងបានធ្វើតេស្តលើកដំបូង កាលពីចុងខែវិចិ្ឆកា។
គួរបញ្ជាក់ថា ព័ត៌មាននេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថា State of the Union ជាលើកដំបូង ដោយក្នុងនោះលោកបានរិះគន់លើការរំលោភសិទ្ធិមនុស្សនៃរបប លោក គីម ជុងអ៊ុន និង ការខិតខំប្រឹងប្រែងចំពោះការបង្កើតអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដែលអាចគំរាមកំហែងដល់ទឹកដីអាមេរិក៕
No comments:
Post a Comment